3-Year-Anniversary

3 Year Anniversary

រោងភាពយន្តផ្លាទីនៀមនឹងប្រារព្ធខួបគម្រប់បីឆ្នាំរបស់ខ្លួន! តើផ្លាទីនៀមបានធ្វើអ្វីខ្លះមកទល់នឹងពេលនេះ ហើយនឹងមានគំរោងអ្វីនៅអនាគតដ៏ខ្លីខាងមុខនេះ? ភ្នំពេញ, ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៤៖ រោងភាពយន្តផ្លាទីនៀម នឹងប្រារព្ធខួបគម្រប់បី ឆ្នាំរបស់ខ្លួននៅផ្សារទំនើបសូរយាជាន់ទី៥ ចាប់ពីម៉ោង ៤ល្ងាច ដល់ម៉ោង៨យប់។ បើទោះជាបច្ចុប្បន្ននេះ រោងភាពយន្តផ្លាទីនៀមមិនមែនជារោងភាពយន្តទៅនើបតែមួយគត់ក្នុងរាជធានីភ្នំពេញក៏ដោយ ប៉ុន្តែរោងភាពយន្តមួយនេះគឺជារោងភាពយន្តដែលបានចូលរួមចំនែកយ៉ាងក្រាសក្រែល ក្នុងការធ្វើឲ្យរស់ឡើងវិញនៃទម្លាប់ទស្សនាភាពយន្តនៅក្នុងរោងភាពយន្ត របស់ប្រជាជនកម្ពុជា និងបានក្លាយជាជម្រើសកម្សាន្តដែលមានតំលៃសមរម្យចាប់តាំងពីឆ្នាំ២០១១មកម្ល៉េះ។ នេះបើតាមសម្តីរបស់លោក សៅ សុខនី នាយកគ្រប់គ្រងនៃរោងភាពយន្តផ្លាទីនៀម។ ទោះបីជាមានទំហំតូចក្តី និងប្រជាប្រិយភាពមិនស្ថិតក្នុងលំដាប់កំពូលក៏ដោយ ក៏រោងភាពយន្តផ្លាទីនៀម មានលក្ខណៈសម្បត្តិល្អប្រសើរខុសពីរោងភាពយន្តដទៃទៀត។ ជាក់ស្តែង កន្លងមករោងភាពយន្តផ្លាទីនៀម បានក្លាយជារោងភាពយន្តដំបូងគេបង្អស់ដែលបាននាំយកខ្សែភាពយន្តខ្មែរមកបញ្ចាំងលើក្នុងរោងដែលមានលក្ខណៈស្តង់ដារអន្តរជាតិ។ កត្តានេះបានធ្វើឲ្យក្តីសង្ឃឹម និងកេរ្តិ៍ឈ្មោះរបស់ខ្សែភាពយន្តខ្មែរបានរីកចម្រើនឡើងវិញ។ ជាពិសេស ពាក់ព័ន្ធនឹងទំនួលខុសត្រូវកិច្ចការសង្គម រោងភាពយន្តផ្លាទីនៀម បានរៀបចំព្រឹត្តិការណ៍ជាច្រើន ក្នុងនោះមានព្រឹត្តិការណ៍មួយឈ្មោះថា “ទេសកាលភាពយន្តខ្មែរ” (KMM) ដែលព្រត្តិការណ៍នេះទៀតសោតបានធ្វើឡើងដោយជោគជ័យពីលើកមកហើយក្នុងរយៈពេលពីរឆ្នាំនេះ។ គោលបំណងសំខាន់របស់ព្រឹត្តិការណ៍នេះ គឺដើម្បីពាំនាំយកនូវកេរ្តិ៍ឈ្មោះដ៏ល្បីរន្ទឺរបស់ផលិតករនៃខ្សែភាពយន្តខ្មែរ និងអ្នកដឹកនាំនិពន្ធខ្សែភាពយន្តដទៃទៀតក្នុងទស្សវត្សឆ្នាំ ៦០និង៩០ និងដើម្បីផ្សព្វផ្សាយឲ្យយុវជនជំនាន់ក្រោយបានដឹង និងបានស្គាល់ពីស្នាដៃដែលខ្មែរសម្រេចបាននៅក្នុងវិស័យសិល្បៈទី៧របស់ខ្មែរ។ ការពង្រឹងវិស័យអប់រំ និងសុខាភិបាល គឺជាគោលបំណងសំខាន់ពីររបស់រោងភាពយន្តផ្លាទីនៀម។ ជាក់ស្តែង ថវិកានៃការលក់សំបុត្រក្នុងពិធី ទេសកាលភាពយន្តខ្មែរលើកទី២ កាលពីខែកក្តដា ត្រូវបានបរិច្ចាគទៅអង្គការ យល់ដឹងកម្ពុជា ដែលជាអង្គការថែទាំ និងអប់រំកុមារទីទ័លក្រនៅឯខេត្តកំពង់ស្ពឺ។ នៅខែកក្តដាដដែលនេះ រោងភាពយន្តផ្លាទីនៀម បានសហការជាមួយសកលវិទ្យាល័យបញ្ញាសាស្ត្រ ដើម្បីរៀបចំធ្វើសកម្មភាពសប្បុរសធម៌មួយ នៅសាលាបឋមសិក្សាឬស្សីជ្រោយក្នុងស្រុកស្អាង ខេត្តកណ្តាល។ រោងភាពយន្តផ្លាទីនៀម ក៏បានឧបត្ថម្ភជាថវិកាសម្រាប់ការសាងសង់បណ្ណាល័យនៅសាលាបឋមសិក្សា ក៏ដូចជាផ្តល់អំណោយមួយចំនួនដល់សិស្សពូកែនៅទីនោះផងដែរ។ ទាក់ទងនឹងការឧបត្ថម្ភនេះដែរ លោកសុខនី បានបញ្ជាក់ថា “អាជីវកម្មមួយអាចរីកលូតលាស់បានដោយមាននិរន្តរភាព លុះត្រាតែសហគមន៍របស់យើងរីកចម្រើនទៅមុខ”។ គោលដៅសំខាន់នាពេលអនាគតរបស់រោងភាពយន្តផ្លាទីនៀម គឺបង្ហាញវត្តមានខ្សែភាពយន្តខ្មែរយ៉ាងតិច១០ភាគរយនៃខ្សែភាពយន្តទាំងអស់ដែលនឹងយកមកបញ្ចាំងនៅផ្លាទីនៀម។ ជាមតិចុងក្រោយ លោកសុខនីបានបញ្ជាក់ថា រោងភាពយន្តផ្លាទីនៀម នឹងបង្កើតរោងភាពយន្តបន្ថែមទៀតនៅតាមទីតាំងជាច្រើនផ្សេងៗគ្នា ដែលនៅក្បែរអតិថិជនរបស់យើងនៅថ្ងៃអនាគត។ រោងភាពយន្តផ្លាទីនៀម នឹងបើកសាខាបន្ថែមទៀតនៅ ខេត្តសៀមរាប នាចុងឆ្នាំ២០១៤នេះ។

3 Year Anniversary