Khmer-Movie-Marathon-2

Khmer Movie Marathon Charity

រោងភាពយន្តផ្លាទីនៀមនិងការបរិច្ចាគជំនួយសប្បុរសធម៌ដល់អង្គការយល់ដឹងកម្ពុជា ខេត្តកំពង់ស្ពឺ ភ្នំពេញ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៤៖ បន្ទាប់ពីទទួលបានភាពជោគជ័យ និងការគាំទ្រយ៉ាងខ្លាំងលើកម្មវិធី“ទេសកាលភាពយន្តខ្មែរ” ដែលរៀបចំឡើងដោយរោងភាពយន្តផ្លាទីនៀម ថវិកាដែលទទួលបានពីការលក់សំបុត្រ នឹងត្រូវយកទៅឧបត្ថម្ភដល់កុមារខ្វះលទ្ធភាពនៅខេត្តកំពង់ស្ពឺតាមរយៈអង្គការយល់កម្ពុជា ដែលជាអង្គការអន្តរជាតិមិនមែនរដ្ឋាភិបាល និងមិនរកប្រាក់ចំណេញ និងបង្កើតឡើងនៅឆ្នាំ១៩៩៦ ដើម្បីជួយសង្រ្គោះ ស្តារនិងអភិវឌ្ឍន៍កុមារកម្ពុជា។ គោលបំនងនៃកម្មវិធី“ទេសកាលភាពយន្តខ្មែរ”នេះមិនត្រឹមតែជួយលើកស្ទួយដល់សមិទ្ធករភាពយន្តខ្មែរចាស់ៗដែលមានភាពជោគជ័យ និងធ្វើឲ្យអ្នកជំនាន់ក្រោយបានដឹងនិងស្គាល់ពីស្នាដៃ ការសំដែង និងការដឹកនាំរឿងរបស់ផលិតករនិងសិល្បករជំនាន់មុនតែប៉ុណ្ណោះទេ ថែមទាំងចូលរួមចំនែកដល់ការលើកកំពស់នូវការទទួលបានការអប់រំដែលមានគុណភាពសំរាប់កុមារកម្ពុជាទៀតផង។ ពាក់ព័ន្ធនឹងកិច្ចការទំនួលខុសត្រូវសង្គម រោងភាពយន្តផ្លាទីនៀម បានរៀបចំព្រឹត្តិការណ៍ជាច្រើនជាបន្តបន្ទាប់ចាប់តាំងពីការចាប់ដំណើរការ រហូតមកអស់រយៈកាលជាងបីឆ្នាំនេះ។ គោលបំណងសំខាន់របស់ព្រឹត្តិការណ៍នេះ គឺដើម្បីពាំនាំយកនូវកេរ្តិ៍ឈ្មោះដ៏ល្បីរន្ទឺរបស់ផលិតករនៃខ្សែភាពយន្តខ្មែរ និងអ្នកដឹកនាំនិពន្ធខ្សែភាពយន្តដទៃទៀតក្នុងទស្សវត្សឆ្នាំ ៦០និង៩០ និងដើម្បីផ្សព្វផ្សាយឲ្យយុវជនជំនាន់ក្រោយបានដឹង និងបានស្គាល់ពីស្នាដៃដែលខ្មែរសម្រេចបាននៅក្នុងវិស័យសិល្បៈទី៧របស់ខ្មែរ។ ការពង្រឹងវិស័យអប់រំ និងសុខាភិបាល គឺជាគោលបំណងសំខាន់ពីររបស់រោងភាពយន្តផ្លាទីនៀម។ ជាក់ស្តែង ថវិកានៃការលក់សំបុត្រក្នុងពិធី ទេសកាលភាពយន្តខ្មែរលើកទី២ កាលពីខែកក្តដា ត្រូវបានបរិច្ចាគទៅអង្គការ យល់ដឹងកម្ពុជា ដែលជាអង្គការថែទាំ និងអប់រំកុមារទីទ័លក្រនៅឯខេត្តកំពង់ស្ពឺ។ រោងភាពយន្ត ផ្លាទីនៀម ជារោងភាពយន្តដំបូងបំផុត ដែលបានយកភាពយន្តខ្មែរមកបញ្ចាំងនៅរោងភាពយន្តស្តង់ដារដែលធ្វើឲ្យវិស័យភាពយន្តខ្មែរងើបឡើងវិញម្តងទៀតបន្ទាប់ពីមានការធ្លាក់ចុះក្នុងទសវត្សចុងក្រោយនេះ។

Khmer Movie Marathon Charity